តក្កកម្មដែលអាចទទួលប្រកាសនីយបត្រតក្កកម្មបាន លុះត្រាតែតក្កកម្មនោះ៖
១. ថ្មី
២. មានជំហានឃើញថ្មី និង
៣. អាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម។
តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន ។ ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ
តាមរយៈការផ្សព្វផ្សាយ ដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។
មិនត្រូវចាត់ទុកថាជាការដឹងដល់សាធារណជន ចំពោះករណីដូចខាងក្រោម ៖
ក-ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ(១២)ខែ មុនកាល បរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ។ ខ-ការធ្វើឱ្យលេចឮខ្ចរខ្ចាយពត៌មានស្តីអំពីតក្កកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វ ជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលឱ្យលេចឮខ្ចរខ្ចាយពត៌មាននេះ ។
តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន ។
តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ។
|