នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកជាលើកទីបួន នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការយកចិត្តទុកដាក់ក្នុងវិស័យកម្មសិទ្ធិបញ្ញា ដែលជាវិស័យមួយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចជាតិ និងដើម្បីពង្រឹងការយល់ដឹងអំពីវិស័យកម្មសិទ្ធិបញ្ញានេះបន្ថែមទៀតដល់សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិតបង្កើតថ្មី ពាណិជ្ជករ និងអ្នកពាក់ព័ន្ធនានានៅក្នុងវិស័យនេះ ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមអធីបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។
ប្រធានបទសម្រាប់ទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្នុងឆ្នាំ ២០១៨ នេះគឺ “ការផ្តល់កម្លាំងឲ្យមានការផ្លាស់ប្តូរៈ ស្ត្រីពាក់ព័ន្ធក្នុងការច្នៃប្រឌិត និងសកម្មភាពបង្កើតថ្មី” “Powering Change: Women in Innovation and Creativity”។ ជាការពិតណាស់ ស្រី្តត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ និងជាបង្អែកយ៉ាងរឹងមាំក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្តែង កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានប្រមាណ ៧.១% គឺមួយចំណែកបានមកពីការចូលរួមរបស់ស្ត្រី។ សមភាពយែនដឺរវាងស្ត្រី និងបុរស មិនថានៅក្នុងប្រទេសកម្ពុជា ឬក្នុងពិភពលោក ត្រូវបានពង្រឹងនិងលើកកម្ពស់ ពោលគឺ ស្ត្រី និងបុរស មានសិទិ្ធស្មើគ្នាក្នុងគ្រប់វិស័យ ជាពិសេស នៅក្នុងយុគ្គសម័យបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ ស្រ្តីត្រូវបានផ្តល់ឱកាស និងមានសមត្ថភាពយ៉ាងសកម្មដូចគ្នានឹងបុរស ក្នុងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ ដែលជួយសម្រួល និងបំរើដល់ជីវភាពរស់នៅរបស់យើងឲ្យបានកាន់តែប្រសើរឡើង។ លោកជំទាវបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ វិស័យកម្មសិទ្ធិបញ្ញាត្រូវបានចាត់ទុកជាឧបករណ៍សេដ្ឋកិច្ច ដែលជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាយុគ្គសម័យទំនើបដែលដើរដោយចំណេះដឹង និងបច្ចេកវិទ្យា ហេតុដូច្នេះហើយ វាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មថែមទៀតពីភាគីស្រី្ត។ ដោយមើលឃើញពីតួនាទីគន្លឹះរបស់ស្រី្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទើបរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា “ស្រ្តី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ”។ យោងតាមអនុសាសន៍របស់រាជរដ្ឋាភិបាលនេះ មិនខុសគ្នាផងដែរក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្រ្តីក៏អាចត្រូវបានចាត់ទុកថាជាមាតានៃការច្នៃប្រឌិត និងការបង្កើតថ្មីផងដែរ។ ជាទីបញ្ចប់លោកជំទាវយល់ឃើញថា ស្រ្តីនិងបុរសជាកំលាំងចលករពីរដែលបំពេញឲ្យគ្នាទៅវិញទៅមក និងមិនអាចខ្វះបានទោះក្នុងវិស័យណាក៏ដោយ រួមទាំងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ។