តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?

កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹង កម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម។ ផលិតផល ម៉ាក និងការច្នៃប្រឌិតថ្មីៗ ជាច្រើន មានវត្តមាននៅលើទីផ្សារជារៀងរាល់ថ្ងៃ ដែលជាលទ្ធផលនៃការបន្តការច្នៃប្រឌិតនិងបង្កើតថ្មីរបស់មនុស្សជាតិ។ សហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ជាកំលាំងចលករនៅពីក្រោយការបង្កើតថ្មីនេះ។ ការបង្កើតថ្មី និងការច្នៃប្រឌិត ជួនកាលមិនត្រូវបានធ្វើអាជីវកម្មឱ្យបានពេញលេញនោះទេ ដោយសារសហគ្រាសធុនតូច និងធុនមធ្យមភាគច្រើន មិនទាន់យល់ច្បាស់ អំពីប្រព័ន្ធកម្មសិទ្ធិបញ្ញា ឬ ផលប្រយោជន៍នៃការការពារកម្មសិទ្ធិបញ្ញាចំពោះតក្តកម្ម ម៉ាក និងគំនូរឧស្សាហកម្មរបស់ខ្លួន។

ប្រសិនបើកម្មសិទ្ធិបញ្ញាទាំងនោះ មិនត្រូវបានការពារដោយច្បាប់នោះទេ តក្កកម្ម នឹងបាត់បង់ទៅគូប្រកួតប្រជែងធំៗ ដែលមានភាពប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មលើផលិតផល ឬសេវា ក្នុងតម្លៃទាប ដែលធ្វើឱ្យតក្តករ ឬម្ចាស់ដើម មិនទទួលបានអត្ថប្រយោជន៍ ឬតម្លៃតបស្នងពីការបង្កើតថ្មីរបស់ខ្លួននោះទេ។

កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់ក្រុមហ៊ុន ជាជំហានដ៏សំខាន់ក្នុងការកំណត់អំពីការរំលោភបំពាន និងការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្ម ដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យក្រុមហ៊ុន ទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួន ដែលជាការលើកទឹកចិត្តនិងបង្កើនមូលធនដល់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។ មានផលិតផលឬសេវាថ្មីៗជាច្រើន ដែលការពារក្រោមប្រភេទផ្សេងៗគ្នានៃកម្មសិទ្ធិបញ្ញា។

សហគ្រាស តែងតែជូបប្រទះបញ្ហាប្រឈម ក្នុងការទាញយកតម្លៃនៃកម្មសិទិ្ធបញ្ញារបស់ខ្លួន និងប្រើប្រាស់កម្មសិទ្ធិបញ្ញា ឱ្យមានប្រសិទ្ធិភាពក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនដែលចំណាយធនធាន និងពេលវេលាក្នុងការការពារទ្រព្យកម្មសិទ្ធិបញ្ញារបស់ខ្លួន អាចបង្កើនការប្រកួតប្រជែងរបស់ខ្លួន និងជួយៈ

  • បង្ការគូប្រកួតប្រជែងពីការចម្លង ឬធ្វើត្រាប់តាមផលិតផលរបស់ខ្លួន
  • ជៀសវាងលើការចំណាយថវិកាខ្ចះខ្ចាយលើការស្រាវជ្រាវ និងការផ្សព្វផ្សាយនៅទីផ្សារ
  • បង្កើតអត្តសញ្ញាណសហគ្រាសតាមរយៈម៉ាក
  • ក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬការផ្ទេរសិទ្ធិ ផ្សេងៗនៃកម្មសិទ្ធិបញ្ញា
  • បង្កើតតម្លៃទីផ្សាររបស់ខ្លួន
  • ទទួលបានមូលធន និងហិរញ្ញប្បទាន
  • អាចពង្រីកទៅកាន់ទីផ្សារថ្មីៗ។
  • Last updated on: ខែ​ឧសភា 21, 2024