ខែ​កញ្ញា 10, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)

(នាព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤)៖ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ​ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាការងារជាមួយលោក CHOI IL SEUNG ប្រធាន​ផ្នែក​គោលនយោបាយព័ត៌មានកម្មសិទ្ធិបញ្ញា នៃអង្គភាព​កម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​កម្មសិទ្ធិបញ្ញារវាង​នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើ៖ ១.) ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងពាណិជ្ជសញ្ញា៖ ស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់KIPO ២.) ការចែករំលែក ផ្លាស់ប្តូរព័ត៌មានពីវិស័យកម្មសិទ្ធិបញ្ញារវាង KIPO និង DIP ៣.)ការណែនាំអំពីសិក្ខាសាលា KIPO-WIPO ក្នុងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និង៤.) បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត។