វិវាទម៉ាក
សំណើសុំធ្វើសវនាការ
មាត្រា១៧(៣)នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ចែងថា ការស្នើសុំធ្វើសវនាការមួយត្រូវធ្វើ ឡើងជាលាយលក្ខណ៍អក្សរ ដោយធ្វើ ទៅមន្ត្រីកាន់កាប់បញ្ជី ។ នៅពេលទទួលបានពាក្យស្នើសុំនេះ មន្ត្រីកាន់កាប់បញ្ជី ត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរ ទៅអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកយ៉ាងយូរ០១(មួយ)ខែ មុនកាលបរិច្ឆេទ ដែលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ត្រូវអញ្ជើញមកចូលរួមក្នុងសវនាការ ។
ប្តឹងជំទាស់ នឹងមន្ត្រីកាន់កាប់បញ្ជី
មាត្រា១៨នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ម៉ាក ចែងត្រង់ចំណុចទី២ និងទី៣ ដូចខាងក្រោម៖
(២)អ្នកដាក់ពាក្យស្នើសុំចុះបញ្ជី មានសិទ្ធិប្តឹងតវ៉ា អំពីការបដិសេធ មិនព្រម ចុះបញ្ជីរបស់មន្ត្រីកាន់កាប់បញ្ជី ទៅក្រុបប្រឹក្សាដោះស្រាយបណ្តឹងតវ៉ា នៃក្រសួងពាណិជ្ជកម្ម ឬ តុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ០៣(បី)ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច របស់មន្ត្រីកាន់កាប់បញ្ជី ។
(៣)អនុលោមតាមមាត្រា ៦២ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ភាគីមានផលប្រយោជន៍ មានសិទ្ធិប្តឹងតវ៉ាអំពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាដោះស្រាយបណ្តឹងតវ៉ានៃក្រសួងពាណិជ្ជកម្ម ឬទៅតុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ០៣(បី)ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច របស់ក្រុមប្រឹក្សាបណ្តឹងតវ៉ា ។
ប្តឹងជំទាស់ នឹងការស្នើសុំចុះបញ្ជី
មាត្រា ២១(១)នៃអនុក្រឹត្យចែងថា ដើម្បីរក្សាសុពលភាព នៃការចុះបញ្ជីម៉ាក ឬការចុះបញ្ជីម៉ាកសាឡើងវិញ ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួច ត្រូវប្រកាស់អំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាក ក្នុង រយៈពេល ០១ (មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី ០៥(ប្រាំ)ឆ្នាំ នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក ។
មោឃភាព និងការលុបម៉ាកចេញពីបញ្ជី
មាត្រា១៣នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ចែងថា មោឃភាពនិងអានុភាពនៃមោឃភាពត្រូវបានកំណត់ដូចខាងក្រោម៖
ក- ជនណាដែលមានការពាក់ព័ន្ធ អាចស្នើសុំមកក្រសួងពាណិជ្ជកម្មឲ្យផ្តល់ មោឃភាពដល់ការចុះបញ្ជីម៉ាកបាន ។
ខ- ក្រសួងពាណិជ្ជកម្ម ត្រូវទុកការចុះបញ្ជីម៉ាកជាមោឃៈ ប្រសិនបើជនដែល ស្នើសុំឲ្យមានមោឃៈភាពនោះ បង្ហាញថា មានលក្ខខណ្ឌណាមួយ នៃមាត្រា ២(ក) និងមាត្រា ៤នៃច្បាប់ មិនត្រូវបានបំពេញ ។
គ-មោឃភាពនៃការចុះបញ្ជីម៉ាក ត្រូវមានអនុភាព ចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជី ហើយត្រូវបានកត់ត្រា និងបោះពុម្ភផ្សាយជាបន្ទាន់ ។ មាត្រា ១៤នៃច្បាប់ ក៏ចែងផងដែរថា ក្រសួងពាណិជ្ជកម្មមានសិទ្ធិលុបចោលម៉ាក ដែលបានចុះបញ្ជីរួចហើយ ក្នុងករណីដូចខាងក្រោមៈ
ក- អ្នកសុំចុះបញ្ជីមិនបានដាក់ពាក្យ ស្នើសុំចុះបញ្ជីសាជាថ្មីនូវម៉ាក ដែលបានចុះបញ្ជី រួចហើយ តាមរយៈ ដែលបានកំណត់ក្នុងមាត្រា ១២(ខ)(ឃ) ។
ខ- ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយស្នើសុំលុប ។
គ- ក្នុងរយៈពេល ៩០(កៅសិប)ថ្ងៃ ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនគោរពតាម លក្ខខណ្ឌ នៃការផ្តល់ឯកសារគាំទ្រ ឬការកម្រិត ដែលបានកំណត់នៅក្នុងមាត្រា ៨ ។
ឃ- ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ លែងមានអាស័យដ្ឋានទាក់ទងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ង- ជឿជាក់ដោយផ្អែកលើភស្តុតាងថា ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ មិនមែនជាម្ចាស់ស្របច្បាប់ ។
ច- ជឿជាក់ថា ម៉ាកដែលបានចុះបញ្ជីរួចហើយ ប្រហាក់ប្រហែល ឬដូចទៅនឹងម៉ាកល្បី ដែលជាកម្មសិទ្ធិរបស់ភាគីទីបី ។
មាត្រា ១៥ ម៉ាក ដែលបានចុះបញ្ជីរួច ប៉ុន្តែមិនបានប្រើប្រាស់សោះក្នុងរយៈពេល ៥ (ប្រាំ)ឆ្នាំ ត្រូវលុបចេញពីបញ្ជីម៉ាក ។ ប្រសិនបើម្ចាស់ម៉ាក បង្ហាញថា កាលៈទេសៈពិសេសបានរារាំងការប្រើ ប្រាស់ម៉ាក ហើយគ្មានបំណងមិនប្រើ ឬបោះបង់ចោលម៉ាកនោះទេ ម៉ាកនោះនឹងមិនត្រូវលុបចេញ ពីបញ្ជីឡើយ ។ ជនណាដែលពាក់ព័ន្ធអាចស្នើសុំឱ្យក្រសួងពាណិជ្ជកម្ម លុបម៉ាកចេញពីបញ្ជី ក្នុងរយៈពេល ១(មួយ) ខែមុនកាលបរិច្ឆេទ ៥(ប្រាំ)ឆ្នាំ នៃការមិនប្រើប្រាស់ ឬក្រោយកាលបរិច្ឆេទនេះ ។
មាត្រា ២៤ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មោឃភាព និង ការលុបម៉ាកចេញពីបញ្ជីដោយផ្អែកលើការមិនបានប្រើប្រាស់
- អនុលោមតាមមាត្រា១០(គ) មាត្រា ១៣ និងមាត្រា១៥ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ភាគីដែលមានផលប្រយោជន៏ មានសិទ្ធិដាក់ ពាក្យស្នើសុំ មោឃភាព ចំពោះការចុះបញ្ជីម៉ាក ទោះផុតកំណត់រយៈពេល ៩០ (កៅសិប) ថ្ងៃ បន្ទាប់ពីការបោះ ពុម្ពផ្សាយ ក្នុងព្រឹត្តិបត្រផ្លូវការក៏ដោយ ។
- អនុលោមតាមមាត្រា ១៣(ខ) នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ មន្ត្រីកាន់កាប់បញ្ជី មានសិទ្ធិលុបម៉ាកចេញពីបញ្ជី នៅពេលម៉ាកដែលបានចុះ បញ្ជី មិនបានបំពេញតាមលក្ខខណ្ឌណាមួយ នៃមាត្រា ២(ក) និងមាត្រា៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាមនិងអំពើនៃការប្រកូតប្រជែងមិនស្មោះត្រង់។
- អនុលោមតាមមាត្រា ១៤(ង) មាត្រា ២២ មាត្រា ២៣ និងមាត្រា ២៨ នៃច្បាប់ ម៉ាកមួយត្រូវបានលុបចេញពីបញ្ជី នៅពេលម្ចាស់ម៉ាក ឬអ្នកទទួលសិទ្ធិ បានប្រើប្រាស់ម៉ាកនោះ ខុសទម្រង់ដើមដែលបានចុះបញ្ជី ហើយរំលោភបំពានទៅលើម៉ាករបស់អ្នកផ្សេង ដែលបានចុះបញ្ជី រួច ។
- អនុលោមតាមមាត្រា ៤(ង) មាត្រា ១៤(ង) មាត្រា ២២ មាត្រា ២៣ និងមាត្រា ២៨ នៃច្បាប់ម៉ាក ម៉ាកមួយត្រូវបានលុបចេញពីបញ្ជី នៅពេលម្ចាស់ម៉ាកនោះ ឬអ្នកទទួលសិទ្ធិ បានបន្ថែមស្លាកសញ្ញា ដូច ឬស្រដៀង ធ្វើឲ្យភាន់តច្រឡំទៅនឹងស្លាកសញ្ញាល្បីរបស់អ្នកផ្សេង ដែលបានប្រើប្រាស់មុន ។
- ការលុបម៉ាកមួយចេញពីបញ្ជី ចាំបាច់ត្រូវតែបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ ។
- មានតែការលុបម៉ាកចេញពីបញ្ជី ដោយផ្អែកលើមូលហេតុមិនបានប្រកាស អំពីការប្រើ ប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកតែម្យ៉ាងគត់ ដែលត្រូវអនុញ្ញាតឲ្យ ចុះបញ្ជីសាឡើងវិញ តាមការស្នើសុំរបស់ម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងក្នុងរយៈពេលមិនលើសពី ៦០(ហុកសិប)ថ្ងៃ គិតពី ថ្ងៃសម្រេចលុប ។
- ក្រោយពីមានសេចក្តីសម្រេច របស់មន្ត្រីកាន់កាប់បញ្ជី អំពីការផ្តល់មោឃភាពនៃការចុះបញ្ជី ឬរក្សាទុកការចុះបញ្ជី ឬមួយសម្រេចឲ្យកែតម្រូវម៉ាក ដែលបានចុះបញ្ជី បើភាគីណាមួយមិនយល់ព្រមនឹងសេចក្តីសម្រេចនោះ ភាគីនោះអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាដោះស្រាយវិវាទ របស់ក្រសួងពាណិជ្ជកម្ម ឬប្តឹងទៅតុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ៣(បី) ខែ បន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច ។
- អនុលោមតាមមាត្រា ៦២ នៃច្បាប់ ភាគីមានផលប្រយោជន៏ មានសិទ្ធិប្តឹងតវ៉ាអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយបណ្តឹងតវ៉ា របស់ក្រសួងពាណិជ្ជកម្ម ទៅតុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ០៣(បី) ខែបន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច ។
- ការបង្កើតក្រុមប្រឹក្សាប្តឹងតវ៉ា សមាសភាព និងដែនអំណាចនៃក្រុមប្រឹក្សាប្តឹងតវ៉ា និងនីតិវិធីដោះស្រាយទំនាស់ នឹងត្រូវកំណត់ ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។
- អនុលោមតាមមាត្រា ៦២ នៃច្បាប់ នៅពេលតុលាសម្រេចលើបណ្តឹងតវ៉ា តម្រូវឲ្យលុបម៉ាកចេញពីបញ្ជី ឬរក្សាទុក ឬកែតម្រូវម៉ាក មន្រ្តីកាន់កាប់បញ្ជី ត្រូវអនុវត្ត តាមសេចក្តីសម្រេច នោះ ។
មាត្រា ២៤ ដោយផ្អែកតាមមាត្រា ១២ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ការរំលោភលើម៉ាក គឺជាការប្រព្រឹត្ត ដែលទាក់ទងនឹង មាត្រា ១១ នៃច្បាប់នេះ ដោយជនណាម្នាក់ក្រៅពីម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយពុំមាន ការយល់ព្រមពីម្ចាស់ម៉ាក ។
មាត្រា ២៥នៃច្បាប់ ការប្រើប្រាស់នូវសញ្ញាដូច ឬប្រហាក់ប្រហែល ដែលធ្វើឲ្យភាន់ច្រឡំ ទៅនឹងម៉ាកល្បី ដែលបានចុះបញ្ជីរូចហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ គ្មានការយល់ព្រមពីម្ចាស់ម៉ាកល្បី ជាការរំលោភលើម៉ាកល្បីនោះ ប្រសិនបើសញ្ញាទាំងនោះត្រូវបានយកមកប្រើប្រាស់៖
ក-ទាក់ទងទៅនឹងទំនិញ និងសេវា ដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញ និងសេវានៃម៉ាកល្បី ដែលបានចុះបញ្ជីរួច ។
ខ-ទាក់ទងទៅនឹងទំនិញ និងសេវា ដែលមិនដូច ឬមិនប្រហាក់ប្រហែលទៅនឹងទំនិញ និង សេវានៃម៉ាកល្បី ដែលបានចុះបញ្ជីរួច ហើយការប្រើប្រាស់នូវសញ្ញាទាក់ទងនឹងទំនិញ ឬសេវានោះ បញ្ជាក់នូវការពាក់ព័ន្ធគ្នារវាងទំនិញ និងសេវានោះ ជាមួយនឹងម្ចាស់នៃម៉ាកល្បី ហើយដែលផលប្រយោជន៏នៃម្ចាស់ម៉ាកល្បី អាចនឹងត្រូវខូចខាតដោយការដោយការប្រើប្រាស់នោះ ។
មាត្រា ២៦ ការប្រើប្រាស់នូវសញ្ញាដែលដូច ឬប្រហាក់ប្រហែលនឹងម៉ាកល្បី ដែលមិនបាន ចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការយល់ព្រមពីម្ចាស់ នៃម៉ាកល្បី ជាការរំលោភ លើម៉ាកល្បីនោះ ប្រសិនបើសញ្ញានោះត្រូវបានប្រើប្រាស់ទាក់ទងនឹងទំនិញ ឬសេវាដូច ឬប្រហាក់ ប្រហែលនឹងទំនិញ ឬសេវានៃម៉ាកល្បីនោះ ។
មាត្រា ២៧ តាមសំណើរបស់ម្ចាស់ម៉ាក ឬអ្នកទទួលអាជ្ញាប័ណ្ណ តុលាការអាចចេញនូវសេច ក្តីសម្រេចបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការរំលោភ ការដែលនឹងមានការរំលោភ ឬទង្វើដែល មិនស្របច្បាប់ ដូចមានចែងក្នុងមាត្រា ២១ មាត្រា ២២ និងមាត្រា ២៣នៃច្បាប់ និងសម្រេចឲ្យសងការខូចខាត ហើយផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ជាធរមាន ។ ប្រសិនបើអ្នកទទួលអាជ្ញាប័ណ្ណ បានស្នើទៅម្ចាស់ម៉ាកឲ្យប្តឹងទៅតុលាការ ដើម្បីឲ្យជួសជុលនូវសំណងដ៏ជាក់លាក់មួយ ប៉ុន្តែបើម្ចាស់ម៉ាកបានបដិសេធ ឬខកខានមិនបានធ្វើតាម អ្នកទទួលអាជ្ញាប័ណ្ណអាចប្តឹងទៅតុលាការដោយផ្ទាល់បាន ។
Last updated on: ខែកក្កដា 9, 2024