LIST OF PRODUCTS/ SERVICES OF WOMEN ENTREPRINEURS Project On IP For Women Entrepreneurs
គម្រោងសហគ្រិនស្ត្រី–វិស័យកម្មសិទ្ធិបញ្ញា
គម្រោងនេះកំពុងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីក្នុងការបំលែងគំនិតច្នៃប្រឌិត និងការរកឃើញថ្មីរបស់ពួកគេទៅជាផលិតផលជាក់ស្តែង ដែលអាចទីផ្សារបាន និងមានគុណភាពខ្ពស់ ដែលនាំទៅរកការរីកចម្រើន និងការអភិវឌ្ឍន៍អាជីវកម្មរយៈពេលវែង ដើម្បីឆ្ពោះទៅរកការកសាងម៉ាកយីហោ សម្រាប់ពាណិជ្ជកម្មនៃផលិតផលរបស់ពួកគេ។
ចក្ខុវិស័យ
ចក្ខុវិស័យគឺដើម្បីបំផុសគំនិតសហគ្រិនស្ត្រី ដោយប្រើកម្មសិទ្ធិបញ្ញាសម្រាប់កសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងពាណិជ្ជកម្ម ហើយជួយជម្រុញការលក់ផលិតផល នៅក្នុងទីផ្សារក្នុងស្រុក ឬទីផ្សារអន្តរជាតិ។
បេសកម្ម
- ដើម្បីលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យបង្ហាញផលិតផលរបស់ខ្លួន នៅក្នុងពិព័រណ៍ដែលរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ ទាំងក្នុងប្រទេស ឬក្រៅប្រទេស
- ដើម្បីផ្សព្វផ្សាយផលិតផល និងម៉ាកយីហោសហគ្រិនស្ត្រី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រ តាមរយៈការផលិតវីដេអូខ្លីៗ
- ដើម្បីចែករំលែករឿងរ៉ាវជោគជ័យទាំងក្នុងនិងក្រៅតំបន់ សម្រាប់ការបំផុសគំនិត និងការអនុវត្តជោគជ័យនៃគម្រោងសហគ្រិនស្ត្រី
- បង្កើតសហគ្រិនស្ត្រីដែលមានជំនាញជាគំរូ ដើម្បីជំរុញទឹកចិត្តសហគ្រិនស្ត្រី ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
អំពីគម្រោង
គម្រោងសហគ្រិនស្ត្រី-វិស័យកម្មសិទ្ធិបញ្ញា គឺជាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាង នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងគោលបំណងដើម្បីលើកកម្ពស់សហគ្រិនស្រ្តីកម្ពុជា ទទួលបានចំណេះដឹងក្នុងការកសាងម៉ាកផលិតផលរបស់ខ្លួន វិធីសាស្រ្តក្នុងការការពារ អត្ថប្រយោជន៍ផ្សេងៗ ដែលត្រូវទទួលបាន រួមនឹងការចែករំលែកបទពិសោធន៍អំពីយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍផលិតផល គាំទ្រដល់សហគ្រិនស្ត្រី ជាសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញា។
គម្រោងនេះបានឆ្លុះបញ្ចាំង ឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា ដើម្បីធានាបាននូវការគាំពារធុរកិច្ចក្នុងស្រុក ទាក់ទាញការវិនិយោគ និងក៏ដើម្បីគាំទ្រកែប្រែគំនិតឱ្យក្លាយទៅជាការពិត ដោយបង្កើតចេញជាផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើតការងារ និងផ្តល់ឱកាសកាន់តែច្រើនដល់ អ្នកមានស្នាដៃ និងអ្នកមានគំនិតថ្មីៗ ជាពិសេសសហគ្រិនស្រ្តី ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ជាពិសេសទៅទៀត គម្រោងទាំងនេះផ្តោតលើការផ្ទេរជំនាញ និងការអភិវឌ្ឍសមត្ថភាព លើផ្នែកដូចជាម៉ាក ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការរចនាឧស្សាហកម្ម សម្រាប់ការកសាងម៉ាក ការអភិវឌ្ឍន៍ផលិតផល និងទីផ្សារ/ពាណិជ្ជកម្ម នៃផលិតផលរបស់ពួកគេ នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីទាំងនេះនឹងបង្កើតសហគមន៍សហគ្រិនស្ត្រីដែលមានជំនាញមកពីបណ្តាប្រទេសអភិវឌ្ឍតិចតួច ដែលនឹងជម្រុញលើកទឹកចិត្តសហគ្រិនស្ត្រីផ្សេងទៀតនៅទូទាំងពិភពលោក តាមរយៈបទពិសោធន៍ដែលបានបង្ហាញឱ្យឃើញក្នុងការអភិវឌ្ឍន៍អាជីវកម្មដោយប្រើឧបករណ៍កម្មសិទ្ធិបញ្ញា ។ ជាជាក់ស្តែង គម្រោងនេះត្រូវបានកំពុងអនុវត្ត និងប្រព្រឹត្តទៅជាបន្តបន្ទាប់ ដូចខាងក្រោម៖
– បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយសាកល្បងជាលើក១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ សុខាភ្នំពេញ នាទីក្រុងភ្នំពេញ ដែលមានការចូលរួមពីសហគ្រិនស្ត្រីនៅរាជធានីភ្នំពេញចំនួន១១រូប។
– បន្ទាប់មកទៀតបានរៀបចំចងក្រងសហគ្រិនស្ត្រីទាំង១១រូប ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីការកសាងម៉ាកតាមរយៈវិស័យកម្មសិទ្ធិបញ្ញាក្នុងការជួយជម្រុញសហគ្រិនស្រ្តីនៃវិស័យធរុកិច្ច នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ នាទីក្រុងភ្នំពេញ។ និង
– បន្ទាប់មកទៀតបានរៀបចំចងក្រងសហគ្រិនស្ត្រីនៅបណ្តាខេត្ត ចំនួន២៨រូបទៀត ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីការកសាងម៉ាកតាមរយៈវិស័យកម្មសិទ្ធិបញ្ញាក្នុងការជួយជម្រុញសហគ្រិនស្រ្តីនៃវិស័យធរុកិច្ច ចំនួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ លែនឌីងហ្គោល ខេត្តសៀមរាប និងលើកទី៤ នឹងមានគម្រោងរៀបចំឡើងនៅចុងឆ្នាំ២០២៣ខាងមុខនេះ។
សូមចូលទៅកាន់តំណភ្ជាប់នេះ សម្រាប់ព័ត៌មានបន្ថែម៖ ចុចទីនេះ!
Last updated on: July 24, 2024