July 4, 2024
កម្មវិធីសម្ពោធគម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំពិធីសម្ពោធគម្រោងស្តីពី ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ។
នាឱកាស កម្មវិធីសម្ពោធគម្រោង នេះក៏មានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក និងសមាជិការគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា សមាជិក និងសមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សមាគមកសិកម្ម វិស័យឯកជន សរុបអ្នកចូលរួមប្រមាណ ១០០នាក់។
លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ លោកជំទាវ បន្ថែមថាក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញតាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលផលិតផលទាំងនេះ មានកេរ្តិ៍ឈ្មោះល្បី និងលក្ខណៈពិសេស ផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ ។ ជាក់ស្តែង ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា កសិករផលិត ផ្ទៃដីដាំដុះម្រេច ចំនួនដើមត្នោត និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ និងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន។ លោកជំទាវ លើកឡើងដូច្នេះ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបានបានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទទួលតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានលើកឡើងពី កត្តាអំណោយផល តំបន់ភូមិសាស្ត្ររបស់កម្ពុជាមាន ចំពោះផលិតផលដំណាំដាំដុះ ជលផល ជីវចម្រុះ និងភាពសម្បូរបែបនៃផលិតផលវប្បធម៌ និងសិប្បកម្ម ដែលមានអត្តសញ្ញាណ និងសក្តានុពលអាចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្ររួមមាន៖ អង្ករក្រអូបកំពង់ស្ពឺ ស្វាយចន្ទីកម្ពុជា ទុរេនកំពត ក្តាមថ្មកោះកុង ស្វាយកំពង់ស្ពឺ សូត្រប្រណិតកម្ពុជា និងផលិតផលសក្តានុពលដទៃទៀតដូចមានកំណត់ក្នុងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា។
ជាមួយគ្នានេះ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងស្តីពី ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា ដែលនឹងចូលរួមចំណែកជួយឱ្យកម្ពុជាទាញយកប្រយោជន៍ពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការពារបេតិកភណ្ឌកសិកម្ម។ លោកស្រីតំណាងអង្គការ FAO បានកោតសរសើដល់កិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធដទៃទៀតដែលខិតខំអភិវឌ្ឍ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាបន្តបន្ទាប់ ជាពិសេស លោកស្រីបានសង្កត់ធ្ងន់លើករណីជោគជ័យរបស់ម្រេចកកំពតដែលអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនប្រទេស និងទទួលបានថ្លៃខ្ពស់។
លោកជំទាវរដ្ឋមន្រ្តី ក៏បានសម្តែងនូវការគាំទ្រចំពោះគម្រោងស្តីពី ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព ដែលគម្រោងនេះនឹងចូលរួមចំណែកលើកកម្ពស់សមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ផ្តល់នូវការសិក្សាវិភាគច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ លោកជំទាវរដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍ដូចខាងក្រោម
– រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការពារ និងអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
– ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
– កសាងសមត្ថភាពរបស់សមាជិកសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
– ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
– ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សមាគម និងអង្គភាពចេញវិញ្ញាបនបត្របញ្ជាក់អនុលោមភាព
– រៀបចំលិខិតបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ត និងពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធឱ្យក្លាយជាអង្គភាពបញ្ជាក់អនុលោមភាពម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
– ពង្រីកខ្សែច្រវាក់តម្លៃ រៀបចំសំបកវេចខ្ចប់ និងនវានុវត្តផលិតផល
– ជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជាម៉ាកសញ្ញារបស់ជាតិ និងក្លាយជាគោលដៅទេសចរណ៍។
គួររំលឹកផងដែរថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោតកំពង់ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប និង៧- បង្កងតាកែវ។ ក្នុងនោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារនៅអន្តរជាតិ និងអំបិលកំពតកែប (កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវ) បានទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅអន្តរជាតិឱ្យមានភាពល្បីល្បាញឱ្យក្លាយជាគោលដៅទេសចរណ៍។