April 20, 2024
Certificate Awarding Ceremony for 1st Generation Intellectual Property Trainers and Legal Representatives of 5th and 6th Generation Trademark Owners in the Kingdom of Cambodia
(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋាកម្មសិទ្ធិបញ្ញាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយសេវាពាណិជ្ជកម្ម មន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក លោកស្រីសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការចូលរួមអបអរសាទរដល់សិក្ខាកាមដែលជាគ្រូបង្គោលជំនាន់ទី១សរុប ចំនួន ៥៦រូប និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនានទី៥ និងទី៦ ចំនួន ១២៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ។
នាក្នុងឱកាសនោះ លោកជំទាវបានផ្តាំផ្ញើដល់មន្ត្រីបង្គោលទាំងអស់ត្រូវបន្តចែករំលែកចំណេះដឹងដែលខ្លួន ទទួលបានពីវគ្គបណ្តុះបណ្តាលទៅកាន់មន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្តរៀងៗខ្លួន។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា មន្ត្រីទាំងអស់ត្រូវសហការរួមគ្នាពង្រឹងការផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដូចជាកិច្ចការពារម៉ាកផលិតផល ដល់ អាជីវករ សហគ្រាមីក្រូ តូច និងមធ្យម ជាពិសេស អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា និងកាត់បន្ថយការបំពានកម្មសិទ្ធិបញ្ញានៅមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម នៅក្នុងការផ្តល់ការប្រឹក្សាយោបល់ទាំងទិដ្ឋភាពច្បាប់ និងការអនុវត្តជាក់ស្តែងប្រកបដោយវិជ្ជាជីវៈដល់អ្នកប្រើប្រាស់សេវារបស់ខ្លួន។ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់ដែលភ្នាក់ងារតំណាង ស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាទាំង ០៦ ជំនាន់ត្រូវបន្តអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចែករំលែកបទពិសោធន៍នៅក្នុងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនាពេលអនាគតផងដែរ។
សូមរំលឹកផងដែរថា៖ នាយកដ្ឋានបានចាប់ផ្តើមរៀបចំកម្មវិធីសិក្សានិងបណ្តុះបណ្តាលគ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីពាណិជ្ជកម្មរាជធានីខេត្តនៅឆ្នាំ២០២២ ក្នុងនោះ សិក្ខាកាមដែលជាគ្រូបង្គោលត្រូវឆ្លងកាត់វគ្គសិក្សាចំនួន បួនវគ្គ សរុប ១១ មេរៀន ស្មើនឹង ៤៨ម៉ោង និងត្រូវធ្វើបទបង្ហាញដើម្បីបញ្ចប់ការសិក្សា។ ដោយឡែក វគ្គបណ្តុះបណ្តាលភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជាជំនាន់ទី៥ និង ទី៦ ត្រូវបានរៀបចំឡើងក្នុង ឆ្នាំ២០២២ និង២០២៣ ដោយសិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ៦៦ម៉ោង និងការប្រលងបញ្ចប់ស្របតាមប្រកាសក្រសួងពាណិជ្ជកម្ម លេខ ០៤៥ MoC/SM ២០១១ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ។