សាវតា

ប្រវត្តិសងេ្ខប

នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិបញ្ញាបានចាប់កំណើតមានតាំងពីក្នុងទស្សវត្សទី៦០ និង ៧០ មកម្ល៉េះ ហើយម៉ាកមួយចំនួនក៏បាន​ទទួល​កិច្ចការពារ​នៅក្នុងកំឡុងពេលនោះដែរ ដូចជា ម៉ាក PERTUSSIN ស្ថិតនៅក្នុងជំពូកទី៥ ដែលមានលេខដាក់ពាក្យ ១៩៧៣ នៅក្នុងឆ្នាំ១៩៦៦ ហើយ ម៉ាក RIBENA ស្ថិតក្នុងជំពូកទី៥ និង៣២ ដែលមានលេខដាក់ពាក្យ១០៣១៨ នៅក្នុងឆ្នាំ១៩៧៣។ ជាអកុសល ក្រោយមក ប្រទេសកម្ពុជាបានជួប នូវវិបត្តិសង្រ្គាមក្នុងស្រុកដ៏ធ្ងន់ធ្ងរ ដែលធ្វើអោយវិស័យកម្មសិទ្ធិបញ្ញាត្រូវបានបោះបង់ចោលអស់រយៈពេល ជិត២ទសវត្ស។ ដោយមានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចាប់ផ្តើមស្តារហេដ្ឋា រចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិឡើងវិញ ដែលនាំអោយវិស័យកម្មសិទ្ធិបញ្ញា ត្រូវបានដំណើរការឡើងវិញ។ ជាលទ្ធផល នៅឆ្នាំ១៩៩១ ការិយាល័យ ពាណិជ្ជសញ្ញា ត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានភារកិច្ចទទួលចុះបញ្ជី និង ការពារពាណិជ្ជសញ្ញា និងទទួលបាន​ការ​គាំទ្រ និង​ជួយជ្រោមជ្រែងបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីប្រទេសនានា ជាពិសេស អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

Last updated on: ខែ​ឧសភា 21, 2024