សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មត្រូវដាក់ទៅក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ដែលក្នុងនោះត្រូវរួមមាន ពាក្យសុំសេចក្តីអធិប្បាយអំពីតក្កកម្ម
សេចក្តីអះអាង គំនូសបង្ហាញប្រសិនបើចាំបាច់និងខ្លឹមកសារសង្ខេប។ ការដាក់សំណុំលិខិតស្នើសុំត្រូវតែមានការបង់កម្រៃតាមការកំណត់។
ពាក្យសុំត្រូវមានបញ្ជាក់អំពីអ្វីដែលអាចឈានទៅដល់ការផ្តល់ប្រកាសនីយបត្រតក្កកម្មបាន ដូចជានាមនិងទិន្នន័យផ្សេងៗ ដែលពាក់ព័ន្ធទៅនឹង
អ្នកដាក់ពាក្យសុំតក្កករ និងភ្នាក់ងារតំណាងប្រសិនបើមាន និងចំណងជើងនៃតក្កកម្មនោះ។ ក្នុងករណីអ្នកដាក់ពាក្យសុំមិនមែនជាតក្កករទេនោះ។
ពាក្យសុំត្រូវតែភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ អំពីសិទ្ធិរបស់អ្នកដាក់ពាក្យសុំ ចំពោះប្រកាសនីយបត្រតក្កកម្ម។
សេចក្តីអធិប្បាយត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់ និងពេញលេញ ដើម្បីឱ្យបុគ្គលដែលមានកម្រិតជំនាញធម្មតាក្នុងជំនាញអាចអនុវត្ត
បាននូវតក្កកម្មនោះ។ ដោយឡែកសេចក្តីអធិប្បាយនោះ ត្រូវចង្អុលបង្ហាញឱ្យដឹងនូវវិធី ដែលល្អជាងគេ ដើម្បីអនុវត្តតាមបាននូវតក្កកម្មខាងលើ នៅពេលចុះ
កាលបរិច្ឆទសុំចុះបញ្ជី ឬនៅពេលចុះកាលបរិច្ឆេទអាទិភាព នៃសំនុំលិខិតស្នើសុំក្នុងករណីអាទិភាពត្រូវបានអះអាង។
សេចក្តីអះអាងត្រូវតែកំណត់ឱ្យយបានច្បាស់លាស់ អំពីចំណុចដែលសុំឱ្យមានការការពារ។ សេចក្តីអធិប្បាយនិងគំនូសបង្ហាញអាចត្រូវយកទៅប្រើប្រាស់បាន
សម្រាប់ធ្វើការបកស្រាយសេចក្តីអះអាងនោះ។ សេចក្តីអះអាងត្រូវតែច្បាស់លាស់ និងសង្ខេប។ សេចក្តីអះអាងនោះត្រូវតែផ្អែកទាំងស្រុងលើសេចក្តីអធិប្បាយ។
គំនូសបង្ហាញចាំបាច់ត្រូវតែមាន ដើម្បីយកមកបកស្រាយពន្យល់អំពីតក្កកម្មនោះ។
ខ្លឹមសារសង្ខេបត្រូវបកស្រាយត្រឹមតែគោលបំណងនៃព័ត៌មានបច្ចេកទេសតែប៉ុណ្ណោះ មិនត្រូវបកស្រាយអំពីវិសាលភាពនៃការការពារឡើយ។
អ្នកដាក់ពាក្យសុំអាចដកសំណុំលិខិតស្នើសុំទៅវិញនៅពេលណាក៏បានក្នុងករណីដែលសំណុំលិខិតស្នើសុំនោះ ស្ថិតក្នុងរយៈពេលព្យួរទុកសម្រាប់ពិនិត្យ
ដើម្បីផ្តល់ប្រកាសនីយបត្រតក្កកម្ម។