ខែ​កញ្ញា 26, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត

នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត។ ជាលទ្ធផល អង្គប្រជុំ បានយល់ស្របលើរបាយការណ៍នៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម “ប្រហុកសៀមរាប” រួមមាន៖ ប្រវត្តិនៃប្រហុកខ្មែរ តំបន់ភូមិសាស្រ្ត និងការធ្វើពាណិជ្ជកម្មត្រីប្រហុកក្នុងតំបន់ទន្លេសាប បច្ចេកទេសកែច្នៃប្រហុក និងសុវត្ថិភាពចំណីអាហារ និងការចុះទៅជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប អ្នកកែច្នៃពាក់កណ្តាលសម្រេច និងសម្រេច អ្នកនេសាទ ពិសេសគឺតំបន់ពាណិជ្ជកម្មត្រី ក្នុងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តពោធិ៍សាត់។ ក្នុងនោះ ឯកឧត្តម បានស្នើឱ្យលោក ប្រាក់ សិរីវឌ្ឍន៍ បន្តស្វែងរកបច្ចេកទេសកែច្នៃ និងកាត់បន្ថយជាតិប្រៃក្នុងប្រហុក ដោយជំនួសនូវការយកប្រហុកនោះត្រាំទឹក ដែលអាចបាត់បង់នូវសារធាតុសំខាន់ៗ។ ជាចុងក្រោយ អង្គប្រជុំបានសម្រេចកំណត់យកសប្តាហ៍ទី4 ខែតុលា ឆ្នាំ២០២៤ ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ប្រហុកសៀមរាប”។