ខែ​មិថុនា 25, 2024

កម្មវិធីបិទបញ្ចប់ការអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានរៀបចំពិធីបិទគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពសរុបចំនួន ៧០រូប។ ជាបឋម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានគោរពថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្តល់កិត្តិយសនិងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទ “ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D)ដោយផ្តោតលើកំណើនប្រកប ដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” និង លោក Kieran Donelly តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា លោក អាឌ្រៀន ហ្គីលប៊ឺត តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក៏ដូចជាសហគ្រិនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនារសៀលនេះផងដែរ។ បន្ទាប់មកឯកឧត្តម សួន វិជ្ជា បានធ្វើសេចក្តីរាយការណ៍សង្ខេបពីការអនុវត្តគម្រោង ដែលបានប្រកាសចាប់ផ្តើមអនុវត្តក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៤ នៅកម្ពុជានាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និងបានបិទបញ្ចប់នាថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយជោគជ័យ ដែលមានរយៈពេល ៣ខែ ដោយបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនដល់សហគ្រិនកម្ពុជាមានពិការភាពចំនួន២០រូប តាមរយៈការអប់រំកម្មសិទ្ធិបញ្ញាឱ្យទទួលបានចំណេះដឹងមូលដ្ឋាន និងស្វែងយល់បន្ថែមពីអត្ថប្រយោជន៍របស់កម្មសិទ្ធិបញ្ញានៃការប្រើប្រាស់ម៉ាក ការបង្កើតម៉ាក កិច្ចការពារម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម។ ឯកឧត្តម ក៍បានបញ្ជាក់ផងដែរថា នេះគឺជាគម្រោងទី១ ដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលបានក្រោមក្របខណ្ឌអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) ដែលជួយគាំទ្រសហគ្រិនលើវិស័យកម្មសិទ្ធិបញ្ញាជាពិសេសបានជួយដល់សហគ្រិនកម្ពុជាមានពិការភាព។ តាមរយៈគម្រោងនេះ ខាងក្រុមការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញានិង RT4D បានជួយប្រឹក្សាផ្តល់យោបល់ ទាំងផ្នែកបច្ចេកទេស និងបទពិសោធន៍ក្នុងការរចនាម៉ាកដើម្បីមានភាពទាក់ទាញ និងអាចទទួលបានកិច្ចការពារ។ បច្ចុប្បន្ននេះ ឡូហ្គូទាំង២០របស់សហគ្រិនកម្ពុជាមានពិការភាពចូលរួមអនុវត្តគម្រោង ត្រូវបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម រួចហើយ។ បន្ថែមពីនេះទៀត ដើម្បីជាការជំរុញលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់សហគ្រិនមានពិការភាពទាំង២០រូប ក្រុមការងារ បានវាយតម្លៃនិងជ្រើសរើសឡូហ្គូដែលបានរចនាល្អដាច់គេចំនួន ៣ ក្នុងចំណោមឡូហ្គូទាំង២០ ព្រមទាំងបានផ្តល់ពានរង្វាន់ក្នុងកម្មវិធីបិទគម្រោងនេះផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមប្រធានក្នុងនាមនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សង្ឃឹមថា សហគ្រិនទាំងអស់ ទទួលបានចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា នឹងប្រើប្រាស់កម្មសិទ្ធិបញ្ញាបន្តអភិវឌ្ឍផលិតផល និងកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន ដើម្បីភាពប្រកួតប្រជែងក្នុងទីផ្សារ។ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងបន្តកិច្ចសហការជាមួយ RT4D និងស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងៗបន្ថែមទៀតនាពេលអនាគត ដើម្បីបន្តជួយគាំទ្រដល់វិស័យឯកជនលើផ្នែកកម្មសិទ្ធិបញ្ញានេះផងដែរ។