បញ្ជីផលិតផល/សេវារបស់សហគ្រិនស្តី្រ ក្រោមគម្រោង ស្ដីពីកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្ត្រី

គម្រោងសហគ្រិនស្ត្រីវិស័យកម្មសិទ្ធិបញ្ញា

គម្រោងនេះកំពុងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីក្នុងការបំលែងគំនិតច្នៃប្រឌិត និងការរកឃើញថ្មីរបស់ពួកគេទៅជាផលិតផលជាក់ស្តែង ដែលអាចទីផ្សារបាន និងមានគុណភាពខ្ពស់ ដែលនាំទៅរកការរីកចម្រើន និងការអភិវឌ្ឍន៍អាជីវកម្មរយៈពេលវែង ដើម្បីឆ្ពោះទៅរកការកសាងម៉ាកយីហោ សម្រាប់ពាណិជ្ជកម្មនៃផលិតផលរបស់ពួកគេ។

ចក្ខុវិស័យ

ចក្ខុវិស័យគឺដើម្បីបំផុសគំនិតសហគ្រិនស្ត្រី ដោយប្រើកម្មសិទ្ធិបញ្ញាសម្រាប់កសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងពាណិជ្ជកម្ម ហើយជួយជម្រុញការលក់ផលិតផល នៅក្នុងទីផ្សារក្នុងស្រុក ឬទីផ្សារអន្តរជាតិ។

បេសកម្ម

  • ដើម្បីលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យបង្ហាញផលិតផលរបស់ខ្លួន នៅក្នុងពិព័រណ៍ដែលរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ ទាំងក្នុងប្រទេស ឬក្រៅប្រទេស
  • ដើម្បីផ្សព្វផ្សាយផលិតផល និងម៉ាកយីហោសហគ្រិនស្ត្រី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រ តាមរយៈការផលិតវីដេអូខ្លីៗ
  • ដើម្បីចែករំលែករឿងរ៉ាវជោគជ័យទាំងក្នុងនិងក្រៅតំបន់ សម្រាប់ការបំផុសគំនិត និងការអនុវត្តជោគជ័យនៃគម្រោងសហគ្រិនស្ត្រី
  • បង្កើត​សហគ្រិន​ស្ត្រី​ដែល​មាន​ជំនាញ​ជា​គំរូ ​ដើម្បី​ជំរុញ​ទឹកចិត្ត​សហគ្រិន​ស្ត្រី ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

អំពីគម្រោង

គម្រោងសហគ្រិនស្ត្រី-វិស័យកម្មសិទ្ធិបញ្ញា គឺជាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាង នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងគោលបំណងដើម្បីលើកកម្ពស់សហគ្រិនស្រ្តីកម្ពុជា ទទួលបានចំណេះដឹងក្នុងការកសាងម៉ាកផលិតផលរបស់ខ្លួន វិធីសាស្រ្តក្នុងការការពារ អត្ថប្រយោជន៍ផ្សេងៗ ដែលត្រូវទទួលបាន រួមនឹងការចែករំលែកបទពិសោធន៍អំពីយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍផលិតផល គាំទ្រដល់សហគ្រិនស្ត្រី ជាសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញា។

 

គម្រោងនេះបានឆ្លុះបញ្ចាំង ឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង​ ក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា ដើម្បីធានាបាននូវការគាំពារ​ធុរកិច្ច​ក្នុង​ស្រុក​ ទាក់ទាញការវិនិយោគ  និងក៏ដើម្បីគាំទ្រកែប្រែគំនិតឱ្យក្លាយ​ទៅជា​ការពិត ដោយ​បង្កើតចេញជាផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើតការងារ និងផ្តល់ឱកាស​កាន់តែច្រើនដល់ អ្នកមានស្នាដៃ និងអ្នកមានគំនិតថ្មីៗ ជាពិសេសសហគ្រិនស្រ្តី ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ជាពិសេសទៅទៀត គម្រោងទាំងនេះផ្តោតលើការផ្ទេរជំនាញ និងការអភិវឌ្ឍសមត្ថភាព លើផ្នែកដូចជាម៉ាក ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការរចនាឧស្សាហកម្ម សម្រាប់ការកសាងម៉ាក ការអភិវឌ្ឍន៍ផលិតផល និងទីផ្សារ/ពាណិជ្ជកម្ម នៃផលិតផលរបស់ពួកគេ នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីទាំងនេះនឹងបង្កើតសហគមន៍សហគ្រិនស្ត្រីដែលមានជំនាញមកពីបណ្តាប្រទេសអភិវឌ្ឍតិចតួច ដែលនឹងជម្រុញលើកទឹកចិត្តសហគ្រិនស្ត្រីផ្សេងទៀតនៅទូទាំងពិភពលោក តាមរយៈបទពិសោធន៍ដែលបានបង្ហាញឱ្យឃើញក្នុងការអភិវឌ្ឍន៍អាជីវកម្មដោយប្រើឧបករណ៍កម្មសិទ្ធិបញ្ញា ។ ជាជាក់ស្តែង គម្រោងនេះត្រូវបានកំពុងអនុវត្ត និងប្រព្រឹត្តទៅជាបន្តបន្ទាប់ ដូចខាងក្រោម៖

–       បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយសាកល្បងជាលើក១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ សុខាភ្នំពេញ នាទីក្រុងភ្នំពេញ ដែលមានការចូលរួមពីសហគ្រិនស្ត្រីនៅរាជធានីភ្នំពេញចំនួន១១​រូប។

–       បន្ទាប់មកទៀតបានរៀបចំចងក្រងសហគ្រិនស្ត្រីទាំង១១រូប ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីការកសាងម៉ាកតាមរយៈវិស័យកម្មសិទ្ធិបញ្ញាក្នុងការជួយជម្រុញសហគ្រិនស្រ្តីនៃវិស័យធរុកិច្ច នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ នាទីក្រុងភ្នំពេញ។ និង

–       បន្ទាប់មកទៀតបានរៀបចំចងក្រងសហគ្រិនស្ត្រីនៅបណ្តាខេត្ត ចំនួន២៨​រូបទៀត ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីការកសាងម៉ាកតាមរយៈវិស័យកម្មសិទ្ធិបញ្ញាក្នុងការជួយជម្រុញសហគ្រិនស្រ្តីនៃវិស័យធរុកិច្ច ចំនួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ លែនឌីងហ្គោល ខេត្តសៀមរាប និងលើកទី៤ នឹងមានគម្រោងរៀបចំឡើងនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

សូមចូលទៅកាន់តំណភ្ជាប់នេះ សម្រាប់ព័ត៌មានបន្ថែម៖ ចុចទីនេះ!

Last updated on: ខែ​កក្កដា 24, 2024