ខែវិច្ឆិកា 28, 2024
ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប
(ខេត្តកំពត) ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ។
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក លាង រ័ត្នមាណា តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត និងខេត្តកែប លោក លោកស្រីប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងខេត្តកែប តំណាងសាខា ក.ប.ប. ខេត្តកំពត តំណាងក្រសួងទេសចរណ៍ខេត្តកំពត តំណាងសមាគមអ្នកផលិតទឹកត្រីកំពតកែប តំណាងសមាគមលើកកម្ពស់ម្រេចកំពត និងលោកប្រធាន លោក លោកស្រីអនុប្រធាន និងសមាជិកសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ។
គោលបំណងនៃមហាសន្និបាតនេះគឺ៖ ១. ការអនុម័តលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣-២០២៤ ២. ការបោះឆ្នោតលើការផ្លាស់ប្តូរសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣. បញ្ហាប្រឈមនានារបស់សមាគម និង៤.ផែនការសកម្មភាពការងាររបស់សមាគមសម្រាប់ឆ្នាំ២០២៤-២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាននាយកដ្ឋាន បានធ្វើបទអន្តរាគមន៍ពាក់ព័ន្ធទៅនឹងប្រវត្តិកំណើតនៃការដំណើរការចុះបញ្ជីសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ព្រមទាំងបានណែនាំសមាគមឱ្យធ្វើសហការជាមួយរដ្ឋបាលខេត្តកំពត និងខេត្តកែប មន្ទីរខេត្តពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” ជំរុញសហគមន៍អ្នកផលិតអំបិល ម្ចាស់ភោជនីយដ្ឋាន និងអាជីវករទិញលក់ អំបិលកំពតកែប ចូលជាសមាជិកសមាគមបន្ថែមទៀត និងជំរុញសមាគមពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បិទលើផលិតផលសម្គាល់ភូមិសាស្រ្ត “អំបិលកំពតកែប” និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬវគ្គបណ្តុះបណ្តាលស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” និងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” នៅតាមបណ្តាលរាជធានី-ខេត្ត នានា។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគម ត្រូវរួបរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍រួម បិទរូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញលើផលិតផល “អំបិលកំពត កែប” ដើម្បីបញ្ជាក់និងធានាគុណភាព ប្រភពច្បាស់លាស់ និងត្រូវរៀបចំរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ។