ខែ​វិច្ឆិកា 28, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ

(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ។
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី លោកបណ្ឌិត ខូវ គួង អនុប្រធានជលផល និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក សយ សេង តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ តំណាងមន្ទីរទេសចរណ៍ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងសមាជិកសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ។
គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ ១- ស្តាប់របាយការណ៍សកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ២- កិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយ និង៣- ការលើកទិសដៅ និងផែនការសកម្មភាពការងាររបស់សមាគមសម្រាប់ឆ្នាំ២០២៤-២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាននាយកដ្ឋាន បានធ្វើបទអន្តរាគមន៍ពាក់ព័ន្ធទៅនឹងប្រវត្តិកំណើតនៃការដំណើរការចុះបញ្ជីសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ព្រមទាំងបានណែនាំសមាគមឱ្យធ្វើសហការជាមួយរដ្ឋបាលខេត្តតាកែវ មន្ទីរខេត្តពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្កងតាកែវ” ជំរុញម្ចាស់ភោជនីយដ្ឋាន និងអាជីវករទិញលក់ បង្កងតាកែវ ចូលជាសមាជិកសមាគមបន្ថែមទៀត និងជំរុញសមាគមពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បិទលើផលិតផលសម្គាល់ភូមិសាស្រ្ត “បង្កងតាកែវ” និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬវគ្គបណ្តុះបណ្តាលស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្កងតាកែវ” និងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្កងតាកែវ” នៅតាមបណ្តាលរាជធានី-ខេត្តនានា។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគម ត្រូវរួបរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍រួម បិទរូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញលើផលិតផល “បង្កងតាកែវ” ដើម្បីបញ្ជាក់និងធានាគុណភាព ប្រភពច្បាស់លាស់ និងត្រូវរៀបចំរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ។