ខែ​ធ្នូ 11, 2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលនានាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រេចបាននាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោនៈ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកិច្ចការមួយចំនួនរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានអនុវត្តនាពេលកន្លងមក រួមមាន៖ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិនិងអន្តរជាតិ, កិច្ចការក្រោយចុះបញ្ជីម៉ាក (ការចុះបញ្ជីសាឡើងវិញ, អជ្ញាបណ្ណ, សិទ្ធិផ្តាច់មុខ។ល។), កិច្ចការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាព, កិច្ចការដោះស្រាយវិវាទម៉ាក, ការលើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធនឹងកិច្ចការកម្មសិទ្ធិបញ្ញា, ការរៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា, និងការបន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាករបស់នាយកដ្ឋានផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូននាយកដ្ឋានកម្មសិទ្ធិបញ្ញាដើម្បីយកទៅអនុវត្តសំដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ជាពិសេសការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋាន ដើម្បីផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មជូនសាធារណៈជនឱ្យបានកាន់តែរហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕