ខែវិច្ឆិកា 8, 2024 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃកម្មសិទ្ធិបញ្ញា ក្នុងការរចនាម៉ាក” របស់គម្រោងការកសាងសមត្ថភាពតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា(Design School)” ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃកម្មសិទ្ធិបញ្ញា ក្នុងការរចនាម៉ាក” របស់គម្រោងការកសាងសមត្ថភាពតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា(Design School)” និងលោក Andrew Michael Ong ប្រធានផ្នែកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ប្រចាំអាស៊ី និងប៉ាស៊ីហ្វិច និងលោក យ៉ា ដា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តំណាងខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក-លោកស្រីជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម រួមនឹងនិស្សិតផ្នែករចនា ប្រមាណចំនួន៥០ នាក់។គម្រោង Design School ដំណាក់កាលទី២នេះ ត្រូបានរៀបចំសហការដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណង ដើម្បីឱ្យអ្នកចូលរួមទទួលបានការបណ្តុះបណ្តាលអំពី ការរចនានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកជាមួយជំនាញការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមន្រ្តីជំនាញរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងដើម្បីឱ្យនិស្សិតក៏ដូចជា សហគ្រាសធុន មីក្រូ តូច និងមធ្យមទាំងអស់ កាន់តែយល់ច្បាស់អំពីការរចនាម៉ាកដែលត្រឹមត្រូវសម្រាប់ផលិតផល ឬសេវាកម្ម របស់ខ្លួន និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបាន។ឯកឧត្តមបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់កែលម្អប្រព័ន្ធផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរ ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលសេវាសាធារណៈ ដែលនឹងជួយដល់ការកាត់បន្ថយពេលវេលា ឯកសារ និងថវិកា។ ជាក់ស្តែង នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដាក់ឱ្យអនុវត្តទាំងស្រុងនូវការចុះបញ្ជីម៉ាក តាមប្រព័ន្ធម៉ាឌ្រីដដោយមិនប្រើប្រាស់ក្រដាស(Paperless) ហើយនាយកដ្ឋានកំពុងសិក្សានិងរៀបចំអនុវត្ត កិច្ចការងារPaperless ទាំងស្រុងលើកិច្ចការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ និងកិច្ចការក្រោយចុះបញ្ជីម៉ាក តាមវេលាសមស្របណាមួយ។ សម្រាប់វិស័យឯកជន ក្រសួងពាណិជ្ជកម្ម នឹងបន្តជួយពង្រឹងសមត្ថភាព និង ចំណេះដឹងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយផ្តល់ជាការបណ្តុះបណ្តាល ឬសិក្ខាសាលានានា ពាក់ព័ន្ធនឹងប្រធានបទមួយចំនួន៖ ការកសាងកេរ្តិ៍ឈ្មោះម៉ាក, នីតិវិធីនៃការចុះបញ្ជីម៉ាកតាម ប្រព័ន្ធជាតិនិង ប្រព័ន្ធអន្តរជាតិ, សារៈសំខាន់នៃម៉ាកសម្រាប់អាជីវកម្ម, ការអភិវឌ្ឍម៉ាកសម្រាប់ផលិតផល, ការប្រើប្រាស់ កម្មសិទ្ធិបញ្ញាដើម្បីទទួលបានទុនវិនិយោគនិងការធ្វើពាណិជ្ជូបនីយកម្មលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួន។ឯកឧត្តមបានបន្តទៀតថា សិក្ខាកាមដែលជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលភាគច្រើនមានចំណេះជំនាញលើផ្នែករចនាស្រាប់ នឹងទទួលបានការយល់ដឹង បន្ថែមលើផ្នែកកម្មសិទ្ធិបញ្ញាដែល នឹងជួយឱ្យការរចនាលើម៉ាក ឬ ស្នាដៃកាន់តែមានភាពល្អប្រសើរ និង ត្រឹមត្រូវ។ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសិក្ខាសាលា ដែលមានរយៈពេលពីរថ្ងៃនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ និងចំណេះដឹងទូលំទូលាយទាក់ទងនឹងការ ដើម្បីប្រើប្រាស់ជាទុនសម្រាប់ពង្រីក និងអភិវឌ្ឍន៍ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព។