Trademark

ម៉ាក​ គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណ:ខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា​ ហើយម៉ាកដែលប្រើប្រាស់សំរាប់ សេវាហៅថា សេវាសញ្ញា។ម៉ាកមានច្រើនប្រភេទដូចជា​៖

ម៉ាកជាពាក្យ
ម៉ាកជាអក្សរ
ម៉ាកជាលេខ
ម៉ាកជារូបសញ្ញា
ម៉ាកជានិមិត្តសញ្ញា
ម៉ាកជាស្លាកសញ្ញា
ម៉ាកជាការរួមគ្នានៃពាក្យនិងលេខ​
ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា
ម៉ាកជាពណ៌​
ម៉ាកអាចជាពណ៌ច្រើនចំរុះគ្នា​
​ម៉ាកជាឈ្មោះ
ម៉ាកជាសញ្ញាដែលមើលឆ្លុះបីជ្រុង​​
ម៉ាកជាហត្ថលេខា​​

ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាទាំងនេះ។ មិនមែនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានកិច្ចការពារនោះទេ។ តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោមៈ

    1. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។
    2. ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
    3. ម៉ាកដែលនាំឱ្យសាធារណជនឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ព័ន្ធ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
    4. ម៉ាកដែលដូចគ្នានឹង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័ត ដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ។
    5. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬ ពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
    6. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឱ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។
    7. ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ។

Last updated on: May 21, 2024