ខេត្តក្រចេះ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្រូចថ្លុងកោះទ្រង់” ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ លោកស្រីប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ និងសមាជិក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករប្រមាណ ៧៧រូប។
ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម បានធ្វើបទបង្ហាញស្តីពី ការអនុវត្តច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គសិក្ខាសាលាទាំងមូលបានយល់ដឹង និងឯកឧត្តម បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច រួមមាន៖ រដ្ឋបាលខេត្តក្រចេះ មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ សាខា ក.ប.ប ខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការក្លែងបន្លំគុណភាពទំនិញសម្គាល់ភូមិសាស្រ្ត “ក្រូចថ្លុងកោះទ្រង់” នៅលើទីផ្សារក្នុងខេត្តក្រចេះ ដោយតម្រូវឱ្យផលិតករ និងអាជីវករទាំងអស់បិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងរូបសញ្ញាជាតិនៅលើផលិតផល “ក្រូចថ្លុងកោះទ្រង់” ដែលមានការត្រួតពិនិត្យគុណភាពដោយសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ ដើម្បីធានាអំពីគុណភាព និងបញ្ជាក់ថាពិតជាក្រូចថ្លុងកោះទ្រង់។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា រដ្ឋបាលខេត្តក្រចេះនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្រូចថ្លុងកោះទ្រង់” និងរៀបចំកិច្ចប្រជុំចង្អៀតជាមួយអាជ្ញាធរមូលដ្ឋាន និងសមាជិកនៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាផ្ទៃក្នុងសមាគម និងជាពិសេស ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ និងរៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ សម្រាប់អណត្តិថ្មី ផងដែរ។