ក្រសួងពាណិជ្ជកម្ម ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្នុងនាមជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន ដែលដឹកនាំដោយ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគ.ក.ប. ដោយមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកានៃលេខាធិការដ្ឋាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី៩ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា ប្រធានអង្គប្រជុំ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសមាជិកានៃលេខាធិការដ្ឋាន គ.ក.ប. ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមកិច្ចប្រជុំនេះ ដើម្បីពិនិត្យនិងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០១៩-២០២០ និងផែនការងារប្រចាំឆ្នាំ២០២១ របស់ គ.ក.ប. និងពិភាក្សាលើផែនការការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញាជាតិផងដែរ។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានពិភាក្សាអំពីការកែសម្រួលអនុក្រឹត្យ លេខ១៤២អនក្រ.បក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា រួមទាំងពិនិត្យកែសម្រួលសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន ឱ្យស្របតាមការវិវត្តជាក់ស្តែង។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការចូលរួមយ៉ាងផុសផុលពីសមាជិក សមាជិកាទាំងអស់ ដែលធ្វើឱ្យអង្គប្រជុំប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។